ឧបទ្វីបកូរ៉េៈ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នៅថ្ងៃសុក្រនេះ បានបញ្ជាឱ្យយោធា ត្រៀមខ្លួនយ៉ាងរឹងមាំដើម្បីប្រយុទ្ធតបត និងសងសឹកប្រឆាំងកូរ៉េខាងជើងវិញ ប្រសិនបើប្រទេសកុំម្មុយនីស្ត បានបង្ករករឿងម្តងទៀត ខណៈដែលកូរ៉េខាងជើង បានរៀបខ្សែត្រៀមប្រយុទ្ធជួរមុខរួចរាល់ហើយ ដើម្បីកម្ទេចប្រព័ន្ធឧឃោសនស័ព្ទ ដែលបានដាក់នៅជិតតំបន់គ្មានយោធាមួយ ជិតព្រំដែន (ជាតំបន់ដែលធ្លាប់មានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរកាលពី ៥ឆ្នាំមុន) របស់ប្រទេសកូរ៉េខាងត្បូង។
លោកស្រី Park បានថ្លែងនៅក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនៅបញ្ជាការដ្ឋានកងទ័ពទីបី ជិតរដ្ឋធានីសេអ៊ូលយ៉ាងដូចនេះថា «យើងមិនអាចអត់ធន់បាននូវការបង្កហេតុណាមួយរបស់កូរ៉េខាងជើងបានឡើយ ដែលវានឹងបង្កគ្រោះថ្នាក់ គ្មានសុវត្ថិភាពចំពោះទាហាន និងប្រជាជនរបស់យើង»។
លោកស្រីបានណែនាំឱ្យយោធា រក្សាការត្រៀមខ្លួនប្រយុទ្ធដោះស្រាយភ្លាមៗ ជាមួយនឹងការបង្កហេតុណាមួយដែលធ្វើឡើងដោយកូរ៉េខាងជើង នេះបើតាមអ្នកនាំពាក្យប្រធានាធិបតីលោក Min Kyung-wook បានប្រាប់អ្នកយកព័ត៌មាន។
កូរ៉េខាងជើងបានដាក់ឱសានវាទរយៈពេល ៤៨ម៉ោង ដើម្បីឱ្យកូរ៉េខាងត្បូងបញ្ឈប់សង្គ្រាមចិត្តសាស្ត្រ ដោយត្រូវរុះរើប្រព័ន្ធឧឃោសនស័ព្ទចេញពីតំបន់ជិតព្រំដែន បើពុំដូចច្នោះទេ ខ្លួននឹងចាប់ផ្តើមសកម្មភាពយោធាដ៏ខ្លាំង។ កូរ៉េខាងជើង បានចាត់ទុកយុទ្ធនាការឧឃោសនស័ព្ទរបស់កូរ៉េខាងត្បូង ជាការគម្រាមកំហែងដល់របបក្រុងព្យ៉ុងយ៉ាង ដែលដឹកនាំដោយលោក គីម ជុងអ៊ុន ដោយសារតែក្តីបារម្ភពាក់ព័ន្ធនឹងការលំហូរចូលព័ត៌មានពីប្រភពខាងក្រៅ។
យ៉ាងណាក៏ដោយ កូរ៉េខាងត្បូងបានច្រានចោលចំពោះការទាមទារនេះ ហើយបានធ្វើឱ្យមានការប៉ះទង្គិចគ្នាតូចមួយកាលពីម្សិលមិញនេះ ដោយការផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមក ដែលកូរ៉េខាងជើងជាអ្នកបង្ករឿងមុន។
កូរ៉េខាងត្បូង បានអនុវត្តជាថ្មីម្តងទៀតនូវការដាក់ប្រព័ន្ធឧឃោសនស័ព្ទនៅថ្ងៃទី ១០ ខែសីហា កន្លងទៅ ដែលខ្លួនបានផ្អាករយៈពេល ១០ឆ្នាំមកហើយនោះ ដោយវាគឺជាការសងសឹកមួយចំពោះការរងរបួសយ៉ាងធ្ងន់ធ្ងររបស់ពលបាលកូរ៉េខាងត្បូងពីរនាក់ កាលពីថ្ងៃទី ៤ ខែសីហា ដោយមានការបំផ្ទុះគ្រាប់មីនដ៏គួរឱ្យសង្ស័យមួយនៅក្នុងតំបន់គ្មានយោធានោះ ហើយកូរ៉េខាងជើងត្រូវបានចោទប្រកាន់ថា ជាអ្នកបង្កហេតុ។
កូរ៉េខាងត្បូង ធ្លាប់បានស្បថថា នឹងសងសឹកចំពោះការស្លាប់របស់ប្រជាជនខ្លួន ៥០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាចំនួនពីរ ដោយប្រទេសកូរ៉េខាងជើង កាលពីខែមីនា និងខែវិច្ឆិកា ឆ្នាំ ២០១០៕