រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងជួញដូរគ្រឿងញៀន សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ នៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥នេះ បានធ្វើការចុះបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកន្លែង នៅទីក្រុងភ្នំពេញ ដោយឃាត់ខ្លួនអ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀន៨៣នាក់ ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំដោយលោក ប៊ន សំអាត សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដែលមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា កែវ សុជាតិ ដោយធ្វើការឃាត់ខ្លួនអ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀនបាន៨៣នាក់ ក្នុងនោះស្រី៧នាក់ រួមទាំងរឹបអូសវត្ថុតាងមួយចំនួនដូចជា ដាវសាម៉ូរ៉ៃចំនួន៣ដើម ព្រមទាំងវត្ថុសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀត។
បច្ចុប្បន្ន ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ ត្រូវបានបញ្ជូនខ្លួនទៅធ្វើការសាកសួរ និងក៏សាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕