ពន្លឺព្រះអាទិត្យ​ជួយ​កាត់បន្ថយ​ការ​រាលដាល​ជំងឺ​អុតស្វាយ​របស់​កុមារ


យោងតាម​ការពិសោធន៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​មកពី​មហាវិទ្យាល័យ​ក្រុង​ឡុង​ ដ៍​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹងថា ការ​ហាល​ខ្លួន​នៅ​ពីក្រោម​ពន្លឺព្រះអាទិត្យ អាចជួយ​កាត់បន្ថយ​ការ​រាលដាល​នៃ​ជំងឺ​អុតស្វាយ​។​

​ក្រុម​អ្នក​ពិសោធន៍​បាន​រាយការណ៍​ហើយ​ទស្សនា​វ​ដ្តី Virology បាន​ដកស្រង់​ឲ្យ​ដឹងថា ជំងឺ​អុតស្វាយ កម្រ​នឹង​កើត​មាននៅ​តំបន់​ដែលមាន​ពន្លឺព្រះអាទិត្យ​ច្រើន​។ ពន្លឺ​របស់​ព្រះអាទិត្យ មាន​ឥទ្ធិពល​ក្នុងការ​ទប់ស្កាត់​សកម្មភាព​របស់​វីរុស​នៅលើ​ស្បែក​ធ្វើ​ឲ្យ​ វា​មិនមាន​ឱកាស​ដើម្បី​រីកចម្រើន​និង​ឆ្លង​រាលដាល​។

លទ្ធផល​ខាងលើនេះ ត្រូវបាន​គេ​ទទួលបាន បន្ទាប់ពី​ក្រុម​អ្នកស្រាវជ្រាវ បាន​ប្រមូល និង​ពិនិត្យ​ទៅលើ​ទិន្នន័យ​នៃ​ការពិសោធន៍​អំពី​វីរុស Varicella Zoster ទាំង ២៥ លើក​ក្នុង​បណ្តាល​ប្រទេស​នៅ​ពាសពេញ​ពិភពលោក​។ ទន្ទឹមនឹងនេះ គេ​បាន​គូរ​គំនូសតាង ស្តីពី​ទិន្នន័យ​នេះ​រួមជាមួយ​កត្តា​ធាតុអាកាស​។ លទ្ធផល​បានបង្ហាញ​ពី​ទំនាក់ទំនង​យ៉ាងច្បាស់​រវាង​កម្រិត​នៃ​ ពន្លឺព្រះអាទិត្យ និង​ការរីក​រាលដាល​របស់​វីរុស​អុតស្វាយ​។
​ប្រភេទ​ វីរុស Varicella Zoster ងាយ​នឹង​ឆ្លងតាម​រយៈ​ការ​នៅក្បែរ​គ្នា​។ នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការកើត​ជំងឺ​នេះ វា​ងាយ​និង​ឆ្លងទៅ​អ្នកដទៃ ពេលដែល​អ្នក​ក្អក ឬ​កណ្តាស់ ជាពិសេស​គឺ​នៅពេល​ប៉ះពាល់​ស្បែក​ដែល​កំពុង​កើត​ជំងឺ​នេះ ការឆ្លង​ក៏​នឹង​អាច​កើតមាន​ក្នុង​កម្រិត​ខ្ពស់​។​

​លោកគ្រូ​ពេទ្យ ភី​ល រ៉ៃ​ស៍ (Phil Rice) មកពី​មហាវិទ្យាល័យ​ក្រុង​ឡុង​ដ៍ និង​ជា​ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ បាន​ឲ្យ​ដឹងថា លទ្ធផល​នៃ​ការពិសោធន៍​នេះ បាន​បញ្ជាក់ថា ហេតុអ្វី​បានជា​ជំងឺ​អុតស្វាយ​មិន​កើតមាន​ច្រើន និង​មានការ​ពិបាក​ឆ្លង​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូ​ពិ​ក​។​

​ទោះជា ​បែបនេះ​ក្តី ក្រុម​អ្នកឯកទេស​ផ្នែក​សុខភាព បាន​ឲ្យ​ដឹងថា ក្រៅពី​សីតុណ្ហភាព និង​កម្រិត​សំណើម​នោះ ស្ថានភាព​រស់នៅ ក៏​ជា​កត្តា​មួយ​ដែល​រួមចំណែក​ក្នុងការ​កាត់បន្ថយ ឬ ចម្លងជំងឺ​នេះ​ផងដែរ​៕
ប្រភពពីwww.cen.com.kh