ទទួលទាន​ផ្លែ​ឈើ​កំប៉ុង​ជា​រឿយ​ៗ​បង្កើន​ហានិភ័យ​ស្លាប់​មុន​អាយុ


លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Journal of Epidemiology & Community Health បាន​បង្ហាញ​ថា ការ​ទទួលទាន​ផ្លែ​ឈើ​កំប៉ុង​ជា​រឿយ​ៗ​ជាប់​ទាក់ទង​នឹង​ការ​ជំរុញ​ឱ្យ​ឆាប់​ ស្លាប់​មុន​អាយុ ។ ការ​សិក្សា​ដែល​បាន​ពិសោធ​លើ​មនុស្ស​ពេញវ័យ​នៅ​ចក្រភព​អង់គ្លេស​ចំនួន​៦៥ ​ពាន់​នាក់​រយៈពេល​៧​ឆ្នាំ​បាន​រក​ឃើញ​ថា ក្រុម​ដែល​ទទួលទាន​ផ្លែ​ឈើ​កំប៉ុង​យ៉ាង​ហោច​ណាស់​២-៣​ដង​ក្នុង​មួយ​ថ្ងៃ ប្រឈម​នឹង​ហានិភ័យ​ឆាប់​ស្លាប់​មុន​អាយុ​លើ​១៧​ភាគរយ ធៀប​ទៅ​នឹង​ក្រុម​ដែល​ទទួលទាន​ផ្លែ​ឈើ​ក្រៀម​(​ដំណាប់​)​ដែល​ប្រឈម​ត្រឹម​ ក្រោម​១០​ភាគរយ ។ ផ្លែ​ឈើ​កំប៉ុង​ត្រូវ​គេ​ដឹង​ថា ផ្ទុក​ទៅ​ដោយ​ទឹក​ស្ករ​ហ្វ្រា​ក់​តូ​ស (fructose)​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់ ។ លទ្ធផល​នៃ​ការ​សិក្សា​មុន​ៗ​បាន​បង្ហាញ​ថា បុគ្គល​ដែល​ទទួលទាន​បណ្តា​អាហារ​មាន​ស្ករ​ប្រភេទ​នេះ​រាល់ថ្ងៃ​អាច​បណ្ដាល​ ឱ្យ​លើសឈាម លើស​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល ធាត់​ដុះពោះ​លើស​ទម្ងន់​និង​រេ​ស៊ី​ស្តង់​អាំង​ស៊ុ​យ​លី​ន ។ ទោះជា​យ៉ាងនេះ​ក្តី​លោក Simon Capewell សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ University of Liverpool បាន​ថ្លែង​ថា ៖ « ​ភស្តុ​តាង​ដែល​បង្ហាញ​ថា ទទួលទាន​ស្ករ​ហ្វ្រា​ក់​តូ​ស​ច្រើន​ផ្តល់​គ្រោះថ្នាក់​ចំពោះ​សុខភាព​គឺ​ ហាក់ដូចជា​មាន​ទម្ងន់​ជាង​ភស្តុ​តាង​នៃ​គ្រោះថ្នាក់​ពីសារ​ធាតុគីមី BPA ដែល​គេ​ដាក់​ក្នុង​កំប៉ុង​»​។ លោក​បន្ត​ថា ៖«​ដរាបណា គ្មាន​ការ​បន្ថែម​ស្ករ នោះ​ផ្លែ​ឈើ​កំប៉ុង​នឹងពិតជា​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​»៕ ប្រភព www.kohsantepheapdaily.com.kh